ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាននៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរួមមានប្រជាការពារភូមិ មេភូមិ កម្លាំងប៉ុស្តិ៍នគរបាល និងរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំកម្លាំងសហការចុះណែនាំពន្យល់ដល់អាជីវករលក់ដូរនៅផ្សារព្រំថ្មី ដែលមានទីតាំងនៅជាប់ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបន្តធ្វើពហិការបញ្ឈប់ការលក់ដូរ និងរបស់ប្រើប្រាស់ទំនិញថៃ និងបញ្ឈប់ការនាំចូលផលិតផលថៃមកលក់នៅលើទីផ្សារជាប់ព្រំដែននេះជាដាច់ខាត ជាពិសេសគឺបញ្ឈប់ការចាយប្រាក់បាត(ថៃ) ដោយងាកបែរមកចាយប្រាក់ខ្មែរ(រៀល)វិញ ដើម្បីលើកកម្ពស់រូបិយប័ណ្ណជាតិ ។
បើតាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ខាងក្រុមការងារតែងតែប្រកាសតាមមេក្រូជារឿយៗស្តីអំពីការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស អាជីវករឲ្យនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ ឬលក់ដូរផលិតផលថៃនិងបញ្ឈប់ការចាយលុយបាត(ថៃ) នៅក្នុងផ្សារនេះតទៅទៀត ព្រោះយើងចង់លើកតម្លៃការផលិតចេញពីប្រទេសយើង ប្រជាជនយើងកុំឲ្យខាងប្រទេសជិតខាង គេមើលងាយយើងហើយនេះ ជាការឈឺចាប់ពីការឈ្លានពានទឹកដីរបស់យើង ។
ជាមួយគ្នានេះដែរ អ្នកដែលលួចលាក់នាំចូលទំនិញរបស់ថៃ នៅតាមបន្ទាត់ព្រំដែន ក៏សូមបញ្ឈប់ជាបន្ទាន់ បើអាជ្ញាធរមូលដ្ឋានចាប់បានមិនលើកលែងឡើយ ។ សូមបញ្ជាក់ផងដែរថា នៅផ្សារព្រំដែននេះកន្លងមក មុនកើតសង្គ្រាមរវាងកម្ពុជា-ថៃ គេសង្កេតឃើញទាំងប្រជាពលរដ្ឋ និងអាជីវករចាយតែប្រាក់បាត(ថៃ)ទេ ហើយការនិយាយតម្លៃក៏គេគិតជាប្រាក់បាតដែរដូចជាបន្លែ១គីឡូ៣០បាត ជាដើមតែឥឡូវសឹងតែ១០០%ទៅហើយ ទាំងការនិយាយទាំងការចាយ គឺសុទ្ធតែប្រើជាប្រាក់រៀលទាំងអស់នេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតាមជាយដែនមានការឈឺចាប់យ៉ាងខ្លាំងចំពោះការឈ្លានពានពីភាគីភាគីថៃ...។









